ល្បែងស៊ីសងខុសច្បាប់ នៅសង្កាត់ស្ទឹងមានជ័យ.២ ខណ្ឌមានជ័យ បើកលេងបានយ៉ាងគគ្រឹកគគ្រេង មិនរំខានដល់សមត្ថកិច្ចបន្តិចសោះឡើយ!!?
ភ្នំពេញ៖កាលពីប៉ុន្មានខែមុន អាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនៅក្នុងបរិវេណផ្ទះជួល នៅជាប់ផ្លូវប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យប្រហែល.៥០០.ម៉ែត្រ នៅសង្កាត់ស្ទឹងមានជ័យ.២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចម្ដងហើយស្រាប់តែនៅថ្មីៗនេះ ពលរដ្ឋបានសង្កេតឃើញទីតាំងល្បែងស៊ីសងខុសច្បាប់ នៅទីកន្លែងនេះបានដំណើរការបើកលេងសារជាថ្មីម្ដងទៀតវិញហើយ ឬមួយម្ដងនេះប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធក្នុងមូលដ្ឋាននៅខណ្ឌមានជ័យ មិនហ៊ានធ្វើការបង្ក្រាបដូចកាលមុននោះទេមើលទៅ!!?
ប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់អង្គភាពអ្នកព័ត៌មានយើងឲ្យបានដឹងថា! ឥឡូវចាប់ផ្ដើមលេងពីម៉ោង ៣ រសៀលទល់ល្ងាចម៉ោង ៦ បានបំបែកជួរគ្នា ពលរដ្ឋបានសង្កេតឃើញនៅក្នុងបរិវេណផ្ទះជួលមួយកន្លែងនេះ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ច បានចុះបង្ក្រាបកាលមុននោះប៉ុន្តែឥឡូវកំពុងបើកលេងល្បែងស៊ីសងខុសច្បាប់បានយ៉ាងពពាក់ពពូន និងអនាធិបតេយ្យហើយអ្នកញៀនល្បែងទាំងនោះ បាននាំគ្នាភ្នាល់ចាក់លុយក្នុង.១គូៗ ចាប់ពី.១លានរៀលទៅដល់ ៣.លានរៀលឯណោះ បើសិនមានគូពិសេសអាចចាក់លុយច្រើនជាងនេះទៅទៀត ងាកមកមើលអ្នកលេងចាក់អាប៉ោងវិញក្នុង.១ ក្រោបចាក់លុយ រហូតទៅដល់.២ លានរៀលឯណោះ សម្រាប់ការលេងល្បែងនៅទីកន្លែងនេះជាទ្រង់ទ្រាយធំតែម្ដង។
ប្រភពដដែលពីពលរដ្ឋពួកគាត់បាននាំគ្នាឆ្ងល់យ៉ាងខ្លាំង ទៅលើទីតាំងល្បែងស៊ីសងខុសច្បាប់ នៅទីកន្លែងនេះ បើកលេងជាទ្រង់ទ្រាយធំ ប៉ុណ្ណឹងទៅហើយបែរជាអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ នាំគ្នាធ្វើមិនដឹងមិនឮទៅវិញ ឬមួយបានទទួលផលប្រយោជន៍ ពីម្ចាស់បើកបទល្មើសល្បែងស៊ីសងខុសច្បាប់នៅទីកន្លែងនេះហើយមើលទៅ បានជាបណ្ដោយឲ្យបើកលេងបានយ៉ាងពពាក់ពពូន និងអនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះ ស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ! នៅតាមមូលដ្ឋាននានា ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ ឲ្យមានប្រសិទ្ធភាពផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្ដោយឲ្យពលរដ្ឋនាំគ្នាចូលទៅលេងល្បែងស៊ីសងខុសច្បាប់បានយ៉ាងរលូន បែបនេះទៅវិញ ចុះបើសិនមានផ្ទុះការរីករាលដាលឆ្លងជំងឺ កូវីដ ១៩ កើតឡើងតើគិតយ៉ាងណាទៅ!??។
បងប្អូនពលរដ្ឋបានឃើញសភាពបែបនេះ នាំគ្នាព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំង ដូច្នេះហើយពួកគាត់មានតែនាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលងគួរតែមានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទ ចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលកំពុងបើកលេងនៅភូមិខាងលើនេះផង និងមានវិធានការទប់ស្កាត់ ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងទាន៕