ផ្លូវបេតុងអាមេមួយខ្សែប្រវែង២០០០ម៉ែត្រ នៅ ឃុំកោះចិន ស្រុកពញាឮ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តកណ្តាល៖ ផ្លូវបេតុងអាមេមួយខ្សែប្រវែង២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅ ភូមិសសី ឃុំកោះចិន ស្រុកពញាឮ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តក្នុងការស្ថាបនាដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់បងប្អូនប្រជាកសិករ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេមួយខ្សែខាងលើឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកពញាឮ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាលសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា យើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិ ឃុំរបស់យើងអោយរីកចំរើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខសន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាកនាអតីតកាល។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះអោយបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗ របស់យើងទៀត។
ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៅគ្រប់មន្ទីរវិស័យ ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅ សុខមាភាព និងការបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ មានការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម បានបន្ថែមថា ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ហើយផ្លូវមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការធ្វើដំណើរជាប្រចាំថ្ងៃទៅប្រកបរបរការងាររៀងៗខ្លួន ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះ ងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ៕